
ខេត្តកំពត៖ នាថ្ងៃព្រហស្បតិ៍ ២កេីត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គណៈកម្មការបច្ចេកទេសបណ្ដុះបណ្ដាលនិងគាំទ្រការអនុវត្តសាកល្បងយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ដឹកនាំដោយលោកបណ្ឌិត ឃុត សុខា ប្រធាននាយកដ្ឋានគោលនយោបាយ បានបន្តចុះបណ្ដុះបណ្ដាលនិងគាំទ្រដោយផ្ទាល់ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រនៅគ្រឹះស្ថានសិក្សាគោលដៅ នៅខេត្តកំពត រួមមាន អនុវិទ្យាល័យអង្គឈើទាល សាលាបឋមសិក្សាក្រាំងស្នាយ និងសាលាបឋមសិក្សាកំពតក្រុង។
កម្មវិធីនៃការបណ្ដុះបណ្ដាលនេះ មានគោលបំណងដើម្បីជំរុញការអនុវត្តឱ្យបានជោគជ័យនូវបរិវត្តកម្មទាំង៤ នៃយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន រួមមាន៖ បរិវត្តកម្មទី១៖ សាលារៀនមានបរិយាកាសអំណោយផលសម្រាប់ការប្រើបច្ចេកវិទ្យាឌីជីថល បរិវត្តកម្មទី២៖ គ្រូបង្រៀន និងអ្នកអប់រំប្រកាន់តួនាទីជាអ្នកលើកទឹកចិត្ត និងជាអ្នកដឹកនាំ ដើម្បីបង្កើតសង្គមពុទ្ធិជន ដោយប្រើបច្ចេកវិទ្យាឌីជីថល បរិវត្តកម្មទី៣៖ នាយក នាយិកាជាអ្នកដឹកនាំមានចក្ខុវិស័យ និងជាអ្នកស្រាយបញ្ហាដោយប្រើវិជ្ជាឌីជីថល បរិវត្តកម្មទី៤៖ កម្មវិធីសិក្សាឌីជីថល និងគរុកោសល្យឌីជីថលជួយដល់បរិវត្តកម្មនៃការរៀននិងបង្រៀន។ ដើម្បីសម្រេចបាននូវបរិវត្តកម្មទាំង៤ សាលារៀនត្រូវអនុវត្តនូវសកម្មភាពចំនួន១៧ នៅក្នុងបរិវត្តកម្មនីមួយៗ។
ការចុះបណ្ដុះបណ្ដាលដំណាក់កាលទី១ ក្រុមការងារបច្ចេកទេសបានបណ្ដុះបណ្ដាលទៅលើសកម្មភាពមួយចំនួនដូចជា ១)ការកសាងសមត្ថភាពគ្រូបង្រៀនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែប្រសើរឡើងសម្រាប់ការបង្រៀន និងរៀន ២)បង្កើតកញ្ចប់បណ្ដុះបណ្ដាលឌីជីថលដើម្បីបង្កើនជំនាញឌីជីថលរបស់គ្រូបង្រៀន ៣)ផ្ដល់ការណែនាំ និងបណ្ដុះបណ្ដាល លើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពតាមប្រព័ន្ធអនឡាញរបស់សិស្ស និងបុគ្គលិក ៤)បង្កើតក្រុមការងារនៅកម្រិតសាលារៀនដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការបង្រៀន និងរៀន ៥)ការបញ្ចូលធនធានសិក្សាឌីជីថលទៅក្នុងថ្នាក់រៀន ៦)បញ្ចូលការប្រើប្រាស់ធនធានសិក្សាឌីជីថលទៅក្នុងកម្មវិធីសិក្សា។
គួរបញ្ជាក់ថា ការអនុវត្តសាកល្បងយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន នៅដំណាក់កាលដំបូងនេះ អនុវត្តនៅគ្រឹះស្ថានសិក្សាចំនួន១៥ រួមមាន សម្រាប់កម្រិតបឋមសិក្សាចំនួន៩គ្រឹះស្ថាន មធ្យមសិក្សាបឋមភូមិចំនួន៣ និងកម្រិតមធ្យមសិក្សាទុតិយភូមិចំនួន៣ នៅក្នុងខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី ។
២៣ តុលា ២០២៥ | ខេត្តកំពត
គេហទំព័រ៖ https://dopomoeys.com/
ហ្វេសប៊ុក៖ https://www.facebook.com/dopopage/
តេឡេក្រាម៖ t.me/dopoinfo







