510 Views
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តសម្រាប់អនុវត្តខែបន្ទាប់ ក្រោមអធិបតីភាពលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ នៅសាលប្រជុំនាយកដ្ឋានផែនការ។
ជាកិច្ចចាប់ផ្តើមអង្គប្រជុំ លោកស្រីបណ្ឌិតប្រធានមានប្រសាសន៍សំណេះសំណាលនិងបើកកិច្ចប្រជុំ បន្ទាប់មកបានអនុញ្ញាតឱ្យប្រធានការិយាល័យទាំងបួនធ្វើបទបង្ហាញស្តីពី វឌ្ឍនភាពការងារប្រចាំខែតុលានិងទិសដៅអនុវត្តបន្ត។ ក្នុងនេះដែរ ប្រធានការិយាល័យនីមួយៗបានបង្ហាញពីសកម្មភាពនិងលទ្ធផលការងារដែលសម្រេចបានរួមមាន៖
– ការស្រាវជ្រាវនិងការផលិតឯកសារស្រាវជ្រាវៈ នាយកដ្ឋានបានបញ្ចប់ការស្រាវជ្រាវស្តីពីអប់រំបំណិនជីវិតតាមមូលដ្ឋាន និងបានបញ្ចប់ការសរសេរគោលនយោបាយសង្ខេប ព្រមទាំងកំពុងដំណើរការឯកសារចំនួន៣គឺ ការបាត់បង់ការសិក្សាក្របខណ្ឌអាស៊ាន ការលើកកម្ពស់ស្ត្រីក្នុងតួនាទីថ្នាក់ដឹកនាំ និងការអប់រំកុមារចំណាកស្រុក។
– ការងារកាលិកបត្រអប់រំៈ នាយកដ្ឋានបានត្រៀមសម្រាប់បោះពុម្ព វ៉ុល៥ លេខ២ មានអត្ថបទស្រាវជ្រាវចំនួន៣ កំពុងស្ថិតនៅក្នុងដំណើរការនៃការពិនិត្យនិងវាយតម្លៃ។
– ការងារបណ្តុះបណ្តាលៈ នាយកដ្ឋានបានរៀបចំបណ្តុះបណ្តាលសមត្ថភាពផ្ទៃក្នុង ដោយលោក Nitesh Anand ស្តីពី Policy Analysis Lab និង សហការរៀបចំការបណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិ។
– ការងារកិច្ចពិភាក្សាអប់រំៈ នាយកដ្ឋានបានធ្វើកិច្ចពិភាក្សាអប់រំស្តីពីនិន្នាការអប់រំសកលសម្រាប់កម្ពុជា
– ការងារអភិវឌ្ឍគោលនយោបាយៈ នាយកដ្ឋានបាននិងកំពុងកែសម្រួលសេចក្តីព្រាងគោលនយោបាយជាតិស្តីពីអាហារតាមសាលារៀន និងគ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ លើសពីនេះ នាយកដ្ឋាន ក៏កំពុងរៀបចំយុទ្ធសាស្ត្រការអប់រំឌីជីថល បន្ទាប់ពីបានជួយប្រជុំបឋមជាមួយភាគីពាក់ព័ន្ធ។
-ការងារសម្របសម្រួលការអនុវត្តគោលនយោបាយៈ នាយកដ្ឋានបានសម្រួលសេចក្ដីព្រាងរបាយការណ៍ការពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រស្ដីពី បពស. ក្នុងវិស័យអប់រំ និងបានរៀបចំវគ្គសិក្ខាសាលាបំប៉នសមត្ថភាពស្តីពី «ការស្រាវជ្រាវប្រតិបត្តិ និងការវិភាគបញ្ហាដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍសាលារៀន»ដល់សាលាមធ្យមសិក្សាទាំង២៦ក្នុងគម្រោងដែលគាំទ្រដោយនាយកដ្ឋានគោលនយោបាយ ព្រមទាំងប្រមូលរបាយការណ៍ស្រាវជ្រាវប្រតិបត្តិ សម្របសម្រួល និងរៀបចំឯកសារទស្សនកិច្ចសិក្សាសាលាជំនាន់ថ្មី (វិ.ព្រះស៊ីសុវត្ថិ) និងកិច្ចពិភាក្សាតុមូលរបស់គណៈប្រតិភូនាយកសាលាមកពីប្រទេសឥណ្ឌានៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២២។
ទីបញ្ចប់នៃអង្គប្រជុំ លោកស្រីបណ្ឌិត ប្រធាន នាយកដ្ឋានបានមានមតិបូកសរុប និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបានកន្លងមក និងសូមឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានគោលនយោបាយ បន្តអនុវត្តការងារឱ្យសម្រេចបានលទ្ធផលផ្លែផ្កាសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាវិស័យអប់រំទាំងមូលនៅកម្ពុជា។
១១ វិច្ឆិកា ២០២២ | នាយកដ្ឋានគោលនយោបាយ