រាជធានីភ្នំពេញ៖ នាយកដ្ឋានគោលនយោបាយបានរៀបចំកិច្ចប្រជុំ ដើម្បីធ្វើសុខដុមនីយកម្មឯកសារស្រាវជ្រាវប្រតិបត្តិ និងផែនការបណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គលេខាធិការរង និងជាអគ្គនាយករងអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា និងមានការចូល រួមពីគ្រប់អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ពីសាវតារនៃការអភិវឌ្ឍសៀវភៅស្រាវជ្រាវប្រតិបត្តិ ដែលរៀបចំឡើយដោយនាយកដ្ឋានគោលនយោបាយ និងគោលបំណងនៃអង្គប្រជុំដើម្បីធ្វើសង្គតិភាពសៀវភៅស្រាវជ្រាវប្រតិបត្តិឱ្យក្លាយជាឯកសារគោលតែមួយ ព្រមទាំងបង្កើតផែនការ បណ្តុះបណ្តាលរួមគ្នាផងដែរ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ទៀតថា ប្រសិនបើ ឯកសារ បណ្តុះបណ្តាលការស្រាវជ្រាវប្រតិបត្តិ មានទម្រង់ផ្សេងគ្នា នោះនឹងនាំឱ្យងាយភ័ន្តច្រឡំ និងខ្វែងគំនិត គ្នាដល់សិក្ខាកាមទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ហេតុនេះជាការចាំបាច់ យើងគួរពិនិត្យ និងពិភាក្សារួមគ្នាថា ដើម្បីច្របាច់បញ្ចូលគ្នា មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីឆ្លងយោបល់ និងស្នើសុំការ ឯកភាពដាក់ឱ្យប្រើប្រាស់ជាឯកសារគោលសម្រាប់ក្រសួងតែមួយ។
២៨ កញ្ញា ២០២០ | នាយកដ្ឋានគោលនយោបាយ