កាលពីថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨ និង ៣០ នាទីព្រឹក នាយកដ្ឋានគោលនយោបាយនៃក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យមើលរបាយការណ៍វឌ្ឍនភាពការងារ និងបញ្ហាប្រឈមសម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋានផែនការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គលេខាធិការរង និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតបានមានមតិបើកនិងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានគោលនយោបាយ នៅក្នុងស្ថានភាពនៃជំងឺកូវីដ១៩ដែលកំពុងរាត្បាតនៅលើពិភពលោកនាពេលនេះ។ បន្ទាប់មកលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយបានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម សម្រាប់ឆមាសទី១ និងទិសដៅ អនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ដល់អង្គប្រជុំ និងបានលើកពីចំណុចដែលត្រូតពិភាក្សានិងបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ ឯកឧត្តមបណ្ឌិត ក៏បានលើកពីចំណុចនីមួយៗ មកពិភាក្សាលម្អិត និងរកដំណោះស្រាយដើម្បីអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរដល់លោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ និងមន្រ្តីទាំងអស់ដែលមានស្នាដៃល្អ និងសមិទ្ធិផលការងារជាច្រើនដែលទទួលស្គាល់ដោយថ្នាក់ដឹកនាំរបស់ក្រសួងអប់រំយុវជន និងកីឡា។ មួយវិញទៀត ការធ្វើការងារក្នុងអង្គភាព ក៏មានសាមគ្គីភាពផ្ទៃក្នុងភារតភាព និងការងារប្រកបដោយស្មារតីក្រុមបានយ៉ាងល្អ។
ជាទីបញ្ចប់ឯកឧត្តមបណ្ឌិត ក៏បានមានមតិផ្តែផ្តាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយទាំងអស់ឱ្យយកចិត្តទុកដាក់ចំពោះការងារថែមទៀត ព្រមទាំងចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ។
កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១១.៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។
អត្ថបទនិងរូបភាពដោយ៖ កែវ រតនៈ មន្ត្រីនាយកដ្ឋានគោលនយោបាយ
ភ្ជាប់មកនូវកំណត់ហេតុប្រជុំខាងក្រោម៖