403 Views
ខេត្តកំពង់ចាម÷ កាលពីសៀលថ្ងៃពុធ ៨ រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តការអប់រំឌីជីថលសម្រាប់សាលារៀន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈអធិបតី និង ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាតំណាងមកពីនាយកដ្ឋានជំនាញ ដៃគូអភិវឌ្ឍន៍ និងសាលារៀននានា។
ក្នុងពិធីបិទនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានលើកឡើងពីគុណប្រយោជន៍នៃយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀនដែលបានរួមបញ្ចូលគុណតម្លៃស្នូលជាច្រើនសម្រាប់អ្នកអប់រំ គ្រូបង្រៀន អ្នកសិក្សា សហគមន៍មាតាបិតា និងអ្នកពាក់ព័ន្ធក្នុងការធ្វើបរិវត្តកម្មអប់រំដូចជា ភាពជាពលរដ្ឋឌីជីថល ការសិក្សាពេញមួយជីវិត ការត្រៀមខ្លួនសម្រាប់អនាគត ភាពងាយស្រួល ភាពជាដៃគូសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងកម្រិតជាតិ។
ឯកឧត្តម បណ្ឌិតសភាចារ្យបានលើកជាយោបល់ និងអនុសាសន៍មួយចំនួនជូនដល់លោកនាយក លោកស្រីនាយិកាមកពីសាលារៀននានា ដើម្បីត្រៀមខ្លួនការអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន ដូចជា៖ បន្តសិក្សាស្វែងយល់លើការអប់រំតាមបែបឌីជីថលឱ្យបានកាន់តែស៊ីជម្រៅ ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូនៅសាលារៀនឱ្យបានទូលំទូលាយដើម្បីឱ្យពួកគាត់យល់ដឹង និងត្រៀមខ្លួនក្នុងការអនុវត្តពេលដែលយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនដែលត្រូវបានដាក់ឱ្យអនុវត្ត សម្រាប់បុគ្គល និងអង្គភាព ដោយត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការប្រែក្លាយស្ថាប័នរបស់ខ្លួនទៅក្នុងបរិវត្តកម្មឌីជីថល និងរៀបចំក្រុមការងារបច្ចេកទេស សហគមន៍សិក្សាវិជ្ជាជីវៈ ដើម្បីជួយគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព។
ជាកិច្ចបញ្ចប់ ឯកឧត្តម បណ្ឌិតសភាចារ្យ បានកោតសរសើរថ្នាក់ដឹកនាំក្រសួង នាយកដ្ឋានពាក់ព័ន្ធ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែក ពិសេសអង្គការ UNICEF ដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកា ដែលធ្វើឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅនិងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត ហើយសូមឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ដំណើរការអភិវឌ្ឍឯកសារយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀននេះ ដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់និងមានភាពឆ្លើយតបនាពេលដ៏ខ្លីខាងមុខនេះ។
នាយកដ្ឋានគោលនយោបាយ | ១០ សីហា ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *