553 Views
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូមកពីប្រទេសឥណ្ឌាធ្វើដំណើរទស្សនកិច្ចសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី(NGS) និងរៀបចំសិក្ខាសាលាចូលរួមស្តីពី «គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក» ក្រោមអធិតីភាពលោកស៊ីវ សម្ផស្ស ប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ តំណាងលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា។
មុនចាប់ផ្តើមកម្មវិធី លោកស៊ីវ សម្ផស្ស ប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ និងលោកសំ គឹមសាន្ត នាយក វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី(NGS) ព្រមទាំងក្រុមការងារបានដឹកនាំគណៈប្រតិភូមកពីប្រទេសឥណ្ឌាទៅទស្សនកិច្ចទិដ្ឋភាពរួមរបស់សាលារៀនជំនាន់ថ្មី(NGS)ដូចជា បណ្ណាល័យ បន្ទប់សិក្សា បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រជាដើម។
បន្ទាប់ពីការធ្វើទស្សនកិច្ច គណៈប្រតិភូ គណៈអធិបតី និងសិក្ខាកាមទាំងអស់បានបន្តចូលរួមក្នុងសិក្ខាសាលាស្តីពី «គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»។ ក្នុងនោះដែរ លោកលោកស៊ីវ សម្ផស្ស ប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយ បានបញ្ជាក់ពីគោលបំណងនៃទស្សនកិច្ចសិក្សារបស់គណៈប្រតិភូឥណ្ឌានិងសិក្ខាសាលាក្នុងថ្ងៃនេះគឺដើម្បីចែករំលែក ១.មូលដ្ឋានគ្រឹះនៃការបង្រៀនសតវត្សរ៍ទី ២១ ២.ទិដ្ឋភាពអប់រំរវាងប្រទេសឥណ្ឌានិងកម្ពុជា ៣.បទពិសោធនៃការដោះស្រាយបញ្ហានិងកិច្ចសហប្រតិបត្តិការបែបនវានុវត្តន៍។ ទន្ទឹមនឹងនេះដែរ លោកបានបង្ហាញពីតួនាទីដ៏សំខាន់របស់នាយកដ្ឋានគោលនយោបាយ (DoPo) ដែលដើរតួនាទីជាធនាគារខួរក្បាលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយជួយស្វែងរកភស្តុតាងនិងសិក្សាគោលនយោបាយអប់រំផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រ និងការវាយតម្លៃគោលនយោបាយដែលមានស្រាប់ដើម្បីនាំមកនូវការអភិវឌ្ឍនិងការច្នៃប្រឌិតក្នុងវិស័យអប់រំ។
បន្ទាប់ពីកិច្ចបើកសិក្ខាសាលា លោក សំ គឹមសាន្ត នាយកវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី(NGS)បានធ្វើបទបង្ហាញស្តីពីវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី(NGS) បន្ទាប់មកគណៈប្រតិភូឥណ្ឌាបានធ្វើបទបង្ហាញ សម្របសម្រួលពិភាក្សា និងចែករំលែកលើប្រធានបទ «គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក»។
ដំណើរទស្សនកិច្ចសិក្សានិងសិក្ខាសាលាចូលរួមស្តីពី«គ្រូបង្រៀនជាអ្នកផ្លាស់ប្តូរសកលលោក» បានធ្វើឱ្យគណៈប្រតិភូ សិក្ខាកាម និងអ្នកចូលរួមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធពីគ្នាទៅវិញ ទៅមក ជាពិសេសទាក់ទង់នឹងបំណិនរបស់គ្រូបង្រៀនក្នុងសតវត្សរ៍ទី ២១ លើទស្សនៈ«គ្រូបង្រៀន ជាអ្នកផ្លាស់ប្តូរសកលលោក។
១៧ វិច្ឆិកា ២០២២ | នាយកដ្ឋានគោលនយោបាយ