
ខេត្តសៀមរាប៖ ថ្ងៃចន្ទ ៦រោច ដល់ថ្ងៃអង្គារ ៧រោច ខែអាស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នាយកដ្ឋានគោលនយោបាយ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ របស់ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងលើរបាយការណ៍ស្រាវជ្រាវក្រោមក្របខណ្ឌគម្រោង STEP UP ស្តីពី “ការអប់រំស្ទែម (STEM) ៖ សមត្ថភាពគ្រូបង្រៀន និងការជះឥទ្ឋិពលដល់ការបង្រៀន” ក្នុងគោលបំណងផ្សព្វផ្សាយនិងឆ្លុះបញ្ចាំងលើលទ្ធផលដែលបានរកឃើញពីការស្រាវជ្រាវដើម្បីផ្សារភ្ជាប់នឹងការអនុវត្តគោលនយោបាយ និងការកំណត់បទអន្តរាគមន៍បន្ត។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅ វិទ្យាល័យអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសនេះ លោកជំទាវ បានបើកសិក្ខាសាលាដោយបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ បន្ថែមពីនេះ លោកជំទាវក៏បានចែករំលែកនូវទិដ្ឋភាពទូទៅ និងគោលដៅនៃគម្រោង STEP UP ក្នុងការលើកកម្ពស់ការអប់រំបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ការអប់រំស្ទែម) នៅកម្ពុជា ជាពិសេសឆ្លើយតបនឹងផែនការពង្រីកការអប់រំនៅមធ្យមសិក្សា។
ដើម្បីធ្វើឱ្យការឆ្លុះបញ្ចាំងពីការស្រាវជ្រាវនៃអង្គសិក្ខាសាលាឱ្យកាន់តែប្រសិទ្ធភាព លោកជំទាវបានផ្តល់អនុសាសន៍ឱ្យពិចារណាលើបីចំណុច៖ ១). អ្វីដែលបានរកឃើញ ២). កម្រិតសមត្ថភាពគ្រូបង្រៀន និង ៣). សកម្មភាពបន្តអ្វីខ្លះគួររៀបចំនិងអនុវត្ត។
ក្នុងន័យនេះ លោកជំទាវបានលើកទឹកចិត្តឱ្យអ្នកចូលរួមគ្រប់គ្នាគិតអំពី៖
១). តើការស្រាវជ្រាវរបស់យើងអាចជួយពង្រឹងសមត្ថភាពគ្រូបង្រៀន និងកែលម្អការបង្រៀន មុខវិជ្ជាស្ទែម នៅតាមសាលារៀនបានដោយរបៀបណា
២). ជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមក (Peer Learning) គ្រូបង្រៀនគួរចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងរីកចម្រើនជាមួយគ្នា ដើម្បីកសាងការបង្រៀនកាន់តែរឹងមាំ
៣). អភិវឌ្ឍជំនាញឌីជីថលគ្រូបង្រៀនចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់យុគសម័យឌីជីថល ដើម្បីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព សន្សំសំចៃពេលវេលា និងដើរឱ្យទាន់ការផ្លាស់ប្តូរ។
លោកជំទាវបានសង្កត់ធ្ងន់បន្ថែមទៀតថា ការជំរុញការបង្រៀន និងរៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសាលារៀនដែលទាមទារនូវភាពជាអ្នកដឹកនាំរឹងមាំ នៅកម្រិតសាលារៀនដើម្បីកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការកែលម្អគុណភាពនៃការបង្រៀន និងលទ្ធផលសិក្សារបស់សិស្ស។
ជាចុងក្រោយលោកជំទាវបានសម្តែងការកោតសរសើរដល់ក្រុមការងារបច្ចេកទេសនាយកដ្ឋានគោលនយោបាយ ដែលបានផ្តួចផ្តើម និងរៀបចំសិក្ខាសាលានេះឡើង ហើយបានលើកទឹកចិត្តសិក្ខាកាមទាំងអស់ឱ្យប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការចែករំលែកនូវការយល់ដឹង និងការឆ្លុះបញ្ចាំងពីការស្រាវជ្រាវ ដើម្បីគាំទ្រដល់អនាគតនៃការអប់រំស្ទែមនៅកម្ពុជា។
១៣ តុលា ២០២៥ | ខេត្តសៀមរាប













