
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នាយកដ្ឋានគោលនយោបាយ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ របស់ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីជួបជុំសំណេះសំណាល និងផ្ទេរតំណែងប្រធាននាយកដ្ឋាន ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ធគុលិកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងការអញ្ជើញចូលរួមពីលោកបណ្ឌិត ឃុត សុខា ប្រធាននាយកដ្ឋានគោលនយោបាយ និងលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រី នៃនាយកដ្ឋានគោលនយោបាយសរុបចំនួន ២៩ នាក់។
មុនការចូលកាន់តំណែងរបស់លោកបណ្ឌិតប្រធាននាយកដ្ឋានគោលនយោបាយថ្មី នាយកដ្ឋានស្ថិតក្រោមការគ្រប់គ្រងដឹកនាំរបស់ លោកជំទាវសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ធគុលិកា ដែលលោកជំទាវបានដឹកនាំនាយកដ្ឋានអស់រយៈពេលជិតប្រាំមួយឆ្នាំ ក្នុងតួនាទីជាប្រធាននាយកដ្ឋាន និងជាប្រធានគណៈគ្រប់គ្រងក្នុងកំឡុងពេលដែលលោកជំទាវត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។ លោកបណ្ឌិត ឃុត សុខា ត្រូវបានសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជា ប្រធាននាយកដ្ឋានគោលនយោបាយ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ របស់ក្រសួងអប់រំ យុវជន និងកីឡា តាមអនុក្រឹត្យលេខ ៧៨២ អនក្រ.តត ចុះថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងពិធីនេះ លោកជំទាវលើកឡើងអំពីគុណតម្លៃស្នូលទាំង ១០ របស់នាយកដ្ឋានដែលត្រូវបានរៀបចំឡើងក្នុងពេលដែលលោកជំទាវដឹកនាំនាយកដ្ឋាន រួមមាន ១)សុខមាលភាព ២)ប្រកបដោយវិជ្ជាជីវៈ/ស្ថាបនានិយម ៣)ទំនួលខុសត្រូវ ៤)ភាពជាម្ចាស់ ៥)គណនេយ្យភាព ៦)សហការ ៧)ស្មារតីក្រុម ៨)សុចរិតភាព ៩)គុណធម៌ និង ១០)ឧត្ដមភាព។ លោកជំទាវក៏បានណែនាំឱ្យបុគ្គលិកអប់រំនៃនាយកដ្ឋានគោលនយោបាយគ្រប់រូបត្រូវចេះប្រកាន់ខ្ជាប់នូវតម្លៃស្នូលនេះ ដើម្បីទទួលបានជោគជ័យក្នុងការងារគ្រប់ទីកន្លែង។
បន្ថែមពីនេះ លោកជំទាវ បានដឹកនាំបង្កើតចក្ខុវិស័យរបស់នាយកដ្ឋានគឺ «នាយកដ្ឋានគោលនយោបាយ ជាមជ្ឈមណ្ឌលឧត្ដមភាពក្នុងការបង្កើតគោលនយោបាយនិងយុទ្ធសាស្ត្រអប់រំផ្អែកលើភស្តុតាងសម្រាប់យុគសម័យបច្ចេកវិទ្យាឌីជីថល» ដែលមានបេសកកម្ម ១)រៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រអប់រំផ្អែកលើភស្តុតាងបែបវិទ្យាសាស្ត្រ អភិក្រមនៃការចូលរួម និងនិន្នាការជាតិនិងអន្តរជាតិ ២)សិក្សានិងវាយតម្លៃផលសម្រេច និងបច្ច័យនៃការអនុវត្តគោលនយោបាយអប់រំ ៣)ផ្ដល់ការអភិវឌ្ឍសមត្ថភាពដល់បុគ្គលិកអប់រំក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រប្រកបដោយនវានុវត្តន៍ ៤)រៀបចំវេទិការូបវ័ន្តនិងទូរនិម្មិតសម្រាប់ការពិភាក្សា ការចែករំលែក ការផ្សព្វផ្សាយ និងការគ្រប់គ្រងចំណេះដឹងស្ដីពីគោលនយោបាយអប់រំ។ លើសពីនេះទៀត លោកជំទាវបានផ្ដល់នូវអនុសាសន៍ជាច្រើនទៀតសម្រាប់បុគ្គលិកអប់រំទាំងអស់នៃនាយកដ្ឋានគោលនយោបាយ ដើម្បីឱ្យនាយកដ្ឋានក្លាយជាអង្គភាពដែលមានគុណផលខ្ពស់ ក្រោមការដឹកនាំបន្តរបស់លោកបណ្ឌិត ឃុត សុខា ប្រធាននាយកដ្ឋានថ្មី។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនេះ លោកបណ្ឌិតប្រធាននាយកដ្ឋានគោលនយោបាយ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំនាយកដ្ឋានឱ្យកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត ក្រោមកិច្ចសហការ និងចង្អុលបង្ហាញពីលោកជំទាវអនុរដ្ឋលេខាធិការ។ លោកបណ្ឌិតក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់លោកជំទាវ និងសហការីទាំងអស់ដែលបានចូលរួមសហការបំពេញការងារយ៉ាងអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយជ្រោមជ្រែងនាយកដ្ឋានឱ្យមានភាពរីកចម្រើន និងកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃនេះ តាំងពីពេលនាយកដ្ឋានត្រូវបានបង្កើតដំបូងកាលពីឆ្នាំ២០១៥។
១៩ កញ្ញា ២០២៥ | នាយកដ្ឋានគោលនយោបាយ
គេហទំព័រ៖ https://dopomoeys.com/
ហ្វេសប៊ុក៖ https://www.facebook.com/dopopage/
តេឡេក្រាម៖ t.me/dopoinfo











































